រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំ "វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១" ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការសម្រាប់រៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប ព្រមទាំងមានការចូលរួមអមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង មន្ត្រីនៃក្រសួងពាណិជ្ជកម្ម និងអ្នសារព័ត៌មានជាច្រើនអង្គភាព។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងឱកាសដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា មូលនិធិអាស៊ី-អឺរ៉ុប (ASEF) និងដៃគូដទៃទៀត នឹងរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្ម ៤.០” ដែលនឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូអនឡាញ។ វេទិកានេះ ក៏នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត អ្នកជំនាញការ ប្រធានក្រុមហ៊ុនធំៗ ក្រុមធុរជន និងវិស័យឯកជនពីបណ្តាប្រទេសជាសមាជិកអាស៊ី-អឺរ៉ុប មួយចំនួនដូចជា ប្រទេសអាស៊ានទាំង១០ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្រា្តលី នូវែលសេឡង់ ហុងគ្រី បារាំង អង់គ្លេស រុស្ស៊ី បែលហ្ស៊ិក អេស្តូនី ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា វេទិកានេះ ត្រូវរៀបចំឡើងដើម្បីពិភាក្សាពីសក្តានុពលពាណិជ្ជកម្ម ក្នុងបរិបទនៃការឈានទៅបដិវត្តន៍ឧស្សាហកម្ម ៤.0 ផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគនៃទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ព្រមទាំងពិភាក្សាស៊ីជម្រៅលើប្រធានបទពាក់ព័ន្ធសំខាន់ៗ និងរួមគំនិតគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ព្រមទាំងចែករំលែកបទពិសោធន៍ ចំណេះដឹង និងការអនុវត្តថ្មីៗល្អៗដល់គ្នាទៅវិញទៅមកសម្រាប់ការរីកចម្រើនរួមគ្នា សំដៅជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍទូទាំងប្រទេសនៃទ្វីបទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរយៈនៃការរៀបចំវេទិកានេះ នឹងជួយលើកកម្ពស់កិត្យានុភាព និងលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិថែមមួយកម្រិតទៀត និងបង្ហាញជូនបណ្តាអ្នកចូលរួមមកពីអាស៊ី និងអឺរ៉ុប បានយល់ និងស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសបានស្វែងយល់ពីសក្តានុពលវិស័យពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញក្រុមវិនិយោគិន និងធុរជនមកពីអាស៊ី និងអឺរ៉ុប ពិនិត្យលទ្ធភាពមកបណ្តាក់ទុកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាមានច្បាប់វិនិយោគថ្មីមានលក្ខណៈទាក់ទាញខ្លាំង តម្លៃពលកម្មទាប ប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តសមស្រប និងមានទីផ្សារសម្រាប់នាំចេញច្រើន (ទាំងក្រោមលក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េ)